មូលដ្ឋានគ្រឹះដើម្បីយល់ដឹងអំពីធម៌



ប្រវត្តិសង្ខេបរបស់ព្រះពុទ្ធ

កាលពីប្រមាណ ៦២៣ ឆ្នំាមុន គ.ស ទារកម្នាក់បានមកចាប់កំណើតនៅក្នុងត្រកូលក្សត្រនៃនគរកបិលភស្តុ (បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសណេប៉ាល់) ដែលមានព្រះបិតាជាមហាក្សត្រ ព្រះនាម ព្រះបាទសុទ្ធោទន: និងព្រះមាតាព្រះនាង សិរិមហាមាយា។ ព្រះបិតា និងព្រះមាតា បានផ្តល់ព្រះនាមដល់បុត្រានោះថា សិទ្ធត្ថ (Siddhartha)។ ទ្រង់ សិទ្ធត្ថ បានធំធាត់ឡើងក្នុងព្រះរាជវំាងប្រកបដោយភាពសុខសាន្ត និងឃើញតែភាពស្រស់បំព្រង ដោយបិតារបស់ទ្រង់មិនចង់ឲ្យទ្រង់ឃើញទិដ្ឋភាពទុក្ខសោកទាំងឡាយនៅក្នុងជីវិតឡើយ។

នៅក្នុងព្រះជន ២៩ វស្សា ទ្រង់ សិទ្ធត្ថ បានចេញពីព្រះរាជវាំង ដើម្បីចង់ដឹងចង់ស្គាល់អំពីពិភពខាងក្រៅកំពែងវាំង។ នៅខាងក្រៅរាជវំាង ទ្រង់បានទតឃើញរឿងរ៉ាវបួនប្រការ ដែលគួរឲ្យចាប់អារម្មណ៍ គឺ ១). មនុស្សចាស់ទ្រុធទ្រោមដើរយ៉ាងលំបាក ២). មនុស្សមានជំងឺកំពុងឈឺចាប់យ៉ាងខ្លំាង ៣). មនុស្សស្លាប់ដែលកំពុងគេសែងយកទៅបូជា និង ៤). អ្នកសាងផ្នួស ដែលគ្មានទ្រព្យធនសោះ តែមានចិត្តស្ងប់រីករាយ។ ដោយឈ្វេងយល់តាមការទតឃើញរឿងរ៉ាវក្រៅកំពែងវាំងថា ជីវិតគឺពោរពេញដោយទុក្ខ ទ្រង់ក៏សម្រេចព្រះទ័យលះបង់រាជសម្បត្តិ មហេសីដ៏ស្រស់ស្អាត (នាងយសោធរា) និង រាជបុត្រ (រាហុល) យាងទៅបួស ដើម្បីយល់ដឹងឲ្យច្បាស់អំពីទុក្ខ និងស្វែងរកផ្លូវរំដោះខ្លួនចេញពីទុក្ខ។

នៅព្រះជន្ម ៣៥ វស្សា បន្ទាប់ពីបានប្រតិបត្តិធម៌យ៉ាងតឹងរ៉ឹងអស់រយៈពេល ៦ ឆ្នាំ ទ្រង់ សិទ្ធត្ថ បានរកឃើញផ្លូវកណ្តាល "មជ្ឈិមបដិបទា" ឈានឆ្ពោះទៅដល់ការដឹងនូវសេចក្តីពិតជាក់ច្បាស់នៃទុក្ខ និងផ្លូវរំដោះទុក្ខ។ នៅយប់ថ្ងៃពេញបូណ៌មី ខែពិសាខ ទ្រង់បានគង់ចម្រើនព្រះកម្ពុដ្ឋានក្រោមដើមពោធិ៍ ហើយបានត្រាស់ដឹងនូវ អរិយសច្ច ៤ ក្លាយជា "ព្រះពុទ្ធ" (អ្នកត្រាស់ដឹង)។

រយៈពេល ៤៥ វស្សា ព្រះអង្គបានយាងទេសនាប្រដៅសត្វលោកនៅទូទាំងភាគខាងជើងនៃប្រទេសឥណ្ឌា ដោយមិនប្រកាន់វណ្ណៈ សាសនា ឬពណ៌សម្បុរឡើយ ដើម្បីធ្វើការផ្សព្វផ្សាយព្រះធម៌។ ទ្រង់បានបង្កើត ព្រះសង្ឃ និងបានបន្សល់ទុកនូវពាក្យប្រដៅជាច្រើនដល់សាវ័ក រហូតដល់ព្រះអង្គចូលបរិនិព្វាន នៅព្រះជន្ម ៨០ វស្សា។

ដើម្បីងាយរៀនយល់ដឹងអំពីរបកគំហើញរបស់ព្រះពុទ្ធ អំពីធម៌ ឲ្យបានច្បាស់ និងស៊ីជម្រៅ យើងគួរចាប់ផ្តើមយល់ដឹងអំពីពាក្យគន្លឹះ និងគោលគំនិតសំខាន់ៗ ដូចតទៅ៖

អរិយសច្ច ៤

​នៅក្នុងដំណើរស្វែងយល់អំពីទុក្ខ តាមរយ:ការត្រាស់ដឹង ព្រះពុទ្ធបានរកឃើញសេចក្តីពិតនៃទុក្ខ ដែលគេស្គាល់ថា អរិយសច្ច ៤ រួមមាន៖
  • ទុក្ខសច្ច: គឺទុក្ខមានពិត មានជីវិតគឺមានទុក្ខ
  • សមុទយសច្ច: ទុក្ខកើតឡើងដោយសារមានហេតុ និងបច្ច័យ (ជាពិសេស កើតចេញពីចំណង់ និងការតោងទាម)
  • និរោធសច្ច: ការរលត់ទុក្ខ ទុក្ខអាចរំដោះឲ្យរលត់បាន
  • ​មគ្គសច្ច: ពិតជាមានផ្លូវនាំទៅរកការរលត់ទុក្ខ (អរិយអដ្ឋង្គិកមគ្គ ឬ ផ្លូវប្រាំបីប្រការ) អាចឈានដល់និព្វាន គឺការរលត់ទុក្ខទំាងស្រុង។


កញ្ច្រែងទាំងបី -- ព្រះត្រៃបិដក

កញ្ច្រែងទាំងបី ក្នុងព្រះពុទ្ធសាសនា ត្រូវគេស្គាល់ជាទូទៅថា «ព្រះត្រៃបិដក» (មកពីពាក្យបាលី៖ ត្រៃ ប្រែថា បី + បិដក ប្រែថា កញ្ច្រែង ឬល្អី សម្រាប់ផ្ទុក ឬទ្រទ្រង់ពាក្យប្រដៅ)។

​ពាក្យថា "កញ្ច្រែង" ឬ "ល្អី" ត្រូវគេប្រៀបប្រដូចទៅនឹង កញ្ច្រែង ឬល្អី ៣ សម្រាប់ផ្ទុកនូវព្រះធម៌ និងព្រះវិន័យ ដែលព្រះពុទ្ធបានសម្ដែងទុករយៈពេល ៤៥ វស្សា។

​កញ្ច្រែងទាំង ៣ រួមមាន៖

​១). វិន័យបិដក (កញ្ច្រែងខាងព្រះវិន័យ)

​អត្ថន័យ: ជាកញ្ច្រែងដែលប្រមូលផ្តុំនូវ ច្បាប់ វិន័យ សីល និងបទបញ្ជាផ្សេងៗ។

​ខ្លឹមសារ: រៀបចំឡើងសម្រាប់ភិក្ខុ និងភិក្ខុនី (ព្រះសង្ឃ) ប្រតិបត្តិ ដើម្បីរក្សារៀបរយ ភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូរក្នុងពុទ្ធសាសនា។

​២). សុត្តន្តបិដក (កញ្ច្រែងខាងព្រះសូត្រ)

​អត្ថន័យ: ជាកញ្ច្រែងដែលប្រមូលផ្តុំនូវ ធម៌ទេសនា និងរឿងរ៉ាវផ្សេងៗដើម្បីប្រៀនប្រដៅ និងពន្យល់បកស្រាយអំពីព្រះធម៌។

​ខ្លឹមសារ: រួមបញ្ចូលនូវការប្រដៅ អត្ថបទធម៌ និងកថាខណ្ឌដែលព្រះពុទ្ធទ្រង់បានទេសនាប្រាប់ដល់សាវ័ក ស្ដេច ពាណិជ្ជករ និងប្រជាជនទូទៅ (មានរឿងនិទានប្រៀបធៀបច្រើន ងាយយល់ និងយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ)។

​៣). អភិធម្មបិដក (កញ្ច្រែងខាងព្រះអភិធម្ម)

​អត្ថន័យ: ជាកញ្ច្រែងដែលប្រមូលផ្តុំនូវ ធម៌ជាន់ខ្ពស់ ឬធម៌ក្នុងភាពលម្អិតស៊ីជម្រៅ។

​ខ្លឹមសារ: ពន្យល់យ៉ាងល្អិតល្អន់ និងស៊ីជម្រៅអំពីធម្មជាតិពិតនៃចិត្ត (Mind) ចេតសិក (Mental factors) រូប (Physical matter) និងនិព្វាន ដោយមិនផ្អែកលើសាច់រឿង ឬបុគ្គលឡើយ (ជាវិទ្យាសាស្ត្រផ្លូវចិត្ត)។

គ្រឿងបំពុលចិត្តទំាង ៣៖ លោភ: ទោស: មោហ:

ចិត្តមនុស្សយើងត្រូវបានបង្កឲ្យមានភាពសៅហ្មងជាប្រចំាដោយសារគ្រឿងបំពុល ៣ គឺ លោភ: ទោស: និងមោហ:។

លោភ: គឺសេចក្តីប្រាថ្នាចង់បាននេះ ចង់បាននោះ អាចជាទ្រធ្យធន លុយកាក់ កេរ្តិ៍ឈ្មោះ កិត្តិយស ពាក្យសរសើរ ឬការចូលចិត្តគំាទ្រ ជាដើម។ សេចក្តីចង់បានមិនចេះស្កប់ស្កល់ឡើយ ដែលបង្កឲ្យចិត្តសៅហ្មង និងរងទុក្ខជាប្រចំា។

ទោស: គឺការប្រឆំាងទំនាស់នូវអ្វីៗទំាងឡាយ ដែលមាន ដែលកើតឡើង ហើយខុសពីចិត្ត មិនត្រូវចិត្តចង់បាន ហើយបង្កឲ្យចិត្តក្តៅក្រហាយ ឈឺចាប់ និងរងទុក្ខ។

មោហ: គឺការភន់ច្រឡំថាមាន "អញ" នៅក្នុងខ្លួន ជាអាត្ម័ន ជាព្រលឹង ជារូបភាពដែលឋេរមិនប្រែប្រួល ដែលត្រូវការការលើកតម្កើង ការការពារ ប្រឆំាងតបនឹងការប្រមាថ ការមើលងាយ មើលស្រាលទំាងឡាយ។ ការនេះបង្កឲ្យមានអារម្មណ៍តូចចិត្ត អន់ចិត្ត ខកចិត្ត ខឹងសម្បារ បង្កបង្កើតនូវក្តីទុក្ខជាប់ខ្លួន។

មាគ៌ាទៅរលត់ទុក្ខ៖ សីល៌ សមាធិ បញ្ញា

សីល៌ គឺកិច្ចប្រតិបត្តិអំពើល្អផ្សេងៗ ដូចជា កុំសម្លាប់ កុំលួច កុំកុហក កុំសេពគ្រឿងញៀន ដើម្បីកសាងគ្រឹះក្នុងការលាងសម្អាតចិត្តឲ្យបរិសុទ្ធ ឲ្យអស់ភាពហ្មងសៅ។

សមាធិ ការហ្វឹកហាត់ចិត្តឲ្យនៅជាមួយបច្ចុប្បន្ន កសាងសតិដឹងក្នុងចិត្ត កសាងសមត្ថភាពពិនិត្យចិត្តក្នុងពេលបច្ចុប្បន្នដែលចិត្តនេះតែងរសាត់អណ្តែតទៅរករឿងរ៉ាវពីអតីតកាល ឬរឿងរ៉ាវអាចនឹងកើតឡើងនៅអនាគតកាល។

បញ្ញា បញ្ញានឹងកើតឡើងនៅពេលចិត្តស្ងប់តាមរយ:ការធ្វើសមាធិ មើលឃើញសេចក្តីពិតនូវអ្វីៗទំាងឡាយដែលកើតឡើងក្នុងចិត្ត ក្នុងចក្រវាល ដូចជា ការកើតនិងរលត់ទៅវិញនៃចិត្តទាំងឡាយ រូបកាយដែលប្រែប្រួលជាប់ជានិច្ច។

ប្រតិបត្តិសីល៌ ធ្វើសមាធិ បង្កើតបញ្ញា គឺជាផ្លូវកសាងចិត្តឲ្យមានភាពស្ងប់ ចិត្តស្អាត អស់ភាពហ្មងសៅ អស់ក្តីកង្វល់ សល់តែភាពរីករាយ និងស្ងប់សុខ។

ខន្ធ ៥

ខន្ធ ៥ គឺជាពាក្យនៅក្នុងព្រះពុទ្ធសាសនា ដែលសំដៅលើ កាយ និងចិត្ត (រូប និងនាម) ទាំង ៥ យ៉ាង ដែលរួមផ្សំគ្នាបង្កើតបានជា «ជីវិត» ឬ «បុគ្គលម្នាក់ៗ»។

​ពាក្យថា «ខន្ធ» ប្រែថា «គំនរ» «ក្រុម» ឬ «ផ្នែក»។ ដូច្នេះ ខន្ធ ៥ គឺជារូបធាតុ និងអារម្មណ៍ទាំង ៥ ប្រភេទ ដែលទ្រទ្រង់រាងកាយ និងវិញ្ញាណរបស់យើង។

​១). រូបខន្ធ (គំនររូប)

​អត្ថន័យ៖ គឺជារាងកាយ កាយសម្បទា និងកត្តារូបធាតុទាំងអស់ (ដូចជា៖ សាច់ ឈាម ឆ្អឹង ខ្យល់ដកដង្ហើម កំដៅក្នុងខ្លួន) រួមទាំងទ្វារវិញ្ញាណបណ្ដាញប្រសាទទាំង ៥ (ភ្នែក ច្រមុះ អណ្ដាត ត្រចៀក កាយ)។

​២. វេទនាខន្ធ (គំនរវេទនា)

​អត្ថន័យ៖ គឺជានាមធម៌ដែល «ទទួលដឹងនូវអារម្មណ៍» ឬការដឹងរសជាតិនៃអារម្មណ៍។
វេទនា​ចែកជា ៣ ប្រភេទ៖
  • សុខវេទនា (អារម្មណ៍សប្បាយ/ស្រួល)
  • ​ទុក្ខវេទនា (អារម្មណ៍ឈឺចាប់/មិនស្រួល)
  • ​អទុក្ខមសុខវេទនា (អារម្មណ៍កណ្ដាលៗ មិនសុខមិនទុក្ខ)

​៣. សញ្ញាខន្ធ (គំនរសញ្ញា)

​អត្ថន័យ៖ គឺជានាមធម៌ដែលធ្វើនាទី «ចំណាំ ចងចំា ឬកត់សម្គាល់» នូវអ្វីៗទាំងអស់ ដូចជា ចាំពណ៌ ចាំក្លិន ចាំសំឡេង ចាំមុខមនុស្ស ឬចាំបទពិសោធន៍ពីអតីតកាល។

​៤. សង្ខារខន្ធ (គំនរសង្ខារ)

​អត្ថន័យ៖ គឺជានាមធម៌ដែល «តាក់តែង ឬកសាងការគិត» ដោយធ្វើសកម្មភាពបង្កើតជាគំនិតជាមួយចេតនាផ្សេងៗ ក្រោយទទួលបានសញ្ញា បន្ទាប់ពីអ្វីៗមកប៉ះនឹងទ្វារវិញ្ញាណបង្កើតជាវេទនា។ សង្ខារខន្ធ គឺជាគំនរនៃគំនិត។

​ឧទាហរណ៍៖ គំនិតល្អ (កុសល) ដូចជា ក្ដីអាណិត ការលះបង់ ឬគំនិតមិនល្អ (អកុសល) ដូចជា សេចក្ដីខឹង ភាពលោភលន់ និងការច្រណែន។

​៥. វិញ្ញាណខន្ធ (គំនរវិញ្ញាណ)

​អត្ថន័យ៖ គឺជានាមធម៌ដែល «ដឹងច្បាស់នូវអារម្មណ៍» តាមផ្លូវវិញ្ញាណទាំង ៦ (ភ្នែកមើលឃើញ ត្រចៀកឮសំឡេង ច្រមុះធុំក្លិន អណ្ដាតដឹងរសជាតិ កាយប៉ះពាល់ និងចិត្តគិត)។ វិញ្ញាណគឺជាធាតុដឹង ដែលមាននៅក្នុងខ្លួនយើងម្នាក់ៗ។

ជាសង្ខេប

​រូបខន្ធ = រាងកាយ (រូបធាតុ)
​វេទនា + សញ្ញា + សង្ខារ + វិញ្ញាណ = ផ្លូវចិត្ត (នាមធម៌)

​ព្រះពុទ្ធសាសនាបង្រៀនថា ខន្ធទាំង ៥ នេះ មិនមែនជារបស់ទៀងទាត់ឡើយ (អនិច្ចំ) វាមានការកើតឡើង ប្រែប្រួល និងរលត់ទៅវិញជាធម្មតា ដោយមិនមានម្ចាស់ ឬជារបស់នរណាឡើយ(អនន្តា)។

អនិច្ចំ ទុក្ខំ អនន្តា

អនិច្ចំ អ្វីៗទាំងអស់ ដែលមានក្នុងចក្រវាលនេះ រួមទាំងរូបធាតុ ចាប់តាំងពីសត្វល្អិត រហូតដល់ភពផែនដី ឬផ្កាយ និងចិត្ត មានចិត្តសប្បាយ ចិត្តខឹង ចិត្តភ័យ តែងតែប្រែប្រួលជាប់ជានិច្ច។

ទុក្ខំ ការប្រែប្រួលនោះហើយ (អនិច្ចំ) ដែលជាហេតុមួយបង្កើតឲ្យមានទុក្ខ ដោយសារចិត្តចង់រក្សាអ្វីៗ ដែលចូលចិត្ត ដែលត្រូវចិត្ត ឲ្យនៅដដែល។

អនន្តា នៅក្នុងចិត្តមនុស្សមានការភ័នច្រលំដ៏ធំមួយដោយចិត្តគិតថា អត្តា គឺមាន <អាត្ម័ន> មាន <អញ> ឬ មាន <ព្រលឹង> ដែលជាតំណាងឲ្យយើងម្នាក់ៗ ដែលនៅឋេរមិនប្រែប្រួល ដែលទាមទារឲ្យយើងត្រូវការពារ និងលើកតម្កើង។ នៅក្នុងសេចក្តីពិត ពុំមានបែបនោះទេ ពុំមាន <អត្តា> ទេ ពុំមាន <អញ> ទេ មែនតែខន្ធ ៥ ដែលតែងប្រែប្រួលជានិច្ច ហើយភាពមិនមាន <អញ> នេះព្រះពុទ្ធហៅថា អនន្តា។

​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ

​ព្រះពុទ្ធ មានន័យថា "អ្នកត្រាស់ដឹង" ឬ "អ្នកភ្ញាក់រលឹក" ត្រាស់ដឹងអំពីសេចក្តីពិតនៃជីវិត នៃទុក្ខ នៃចក្រវាល ភ្ញាក់រលឹកពីចិត្តដែលនៅជាប់នឹងភាពអាត្មានិយម ពីការភាន់ច្រលំថាមាន <អាត្ម័ន> ថាមាន <អញ>។ ការត្រាស់ដឹង និងភ្ញាក់រលឹកបានធ្វើឲ្យទ្រង់ សិទ្ធត្ថ បានរួចផុតចាកទុក្ខទាំងស្រុង ឈានដល់និព្វាន។

ព្រះធម៌ សេចក្តីពិតនៃទុក្ខ នៃជីវិត នៃចក្រវាល ដែលរកឃើញដោយព្រះពុទ្ធ ហើយបានក្លាយជាពាក្យប្រៀនប្រដៅ ជាសេចក្តីពន្យល់អំពីសច្ចភាព ដែលមាននៅក្នុងធម្មជាតិ។

ព្រះសង្ឃ ជាសាវ័ករបស់ព្រះពុទ្ធ ដែលរស់នៅតាមគន្លងព្រះវិន័យ ហើយមានតួនាទីផ្សព្វផ្សាយអំពីព្រះធម៌។

​កម្ម

ទង្វើ ឬសកម្មភាព ជាកាយ វាចា និងចិត្ត ដែលមានចេតនានៅក្នុងនោះ។

បដិច្ចសមុប្បាទ

អ្វីៗទាំងអស់នៅក្នុងលោក នៅក្នុងចក្រវាលនេះ រួមទាំងកាយ និងចិត្តទាំងឡាយ គឺកើតឡើងដោយសារមានហេតុនិងបច្ច័យរបស់វា ដែលវាអាស្រ័យទាក់ទងតគ្នា។ ឧទាហរណ៍ ដើមឈើមួយដើម ដុះលូតលាស់ឡើងបានដោយសារមានគ្រាប់ពូជ មានដីដែលមានជីវជាតិ មានទឹក និងមានពន្លឺព្រះអាទិត្យ។ ភាពអវិជ្ជា ការច្រលំថាមានអញ ជាហេតុបង្កឲ្យមានសង្ខារ ឲ្យមានចិត្តហ្មងសៅ។

=== ^^^ === 

@ រៀបរៀងដោយ សាម អ៊ីន -- សីហា ២០២៦ 

@ យោងតាមការសិក្សាឯកសារផ្សេងៗក្នុងព្រះពុទ្ធសានា និងជំនួយពី Gemini   


Post a Comment

0 Comments