ពេលចាប់ផ្តើមរៀបចំគេហទំព័រ innerpeacekh.com "សន្តិភាពក្នុងចិត្ត" នេះឡើងខ្ញុំមានអាយុជាង៥០ឆ្នំាហើយ។ ក្នុងដំណាក់កាល់់ជាងពាក់កណ្តាលជីវិតនេះ ខ្ញុំបានភ្លក់រសជាតិជីវិតជាច្រើន រួមទំាងការលំបាក ភាពស្រណុកស្រួល ភាពជោគជ័យ ភាពបរាជ័យ និងជាពិសេសបានជួបប្រទះសេចក្តីទុក្ខយ៉ាងច្រើន ទំាងទុក្ខតូចៗ ដូចជាការចង់បាននេះបាននោះ តែមិនបានដូចចិត្តប្រាថ្នា រហូតដល់ទុក្ខធំៗ ដូចជាការវាយលុកដោយជំងឺធ្ងន់ធ្ងរ និងការបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។
ខ្ញុំបានសិក្សានិងបញ្ចប់ថ្នាក់បណ្ឌិតជំនាញនយោបាយព្រៃឈើនៅប្រទេសអាល្លឺម៉ង់នៅឆ្នំា២០០២ បំពេញការងារក្នុងអង្គការមិនមែនរដ្ឋាភិបាល (NGO) ជាង១២ឆ្នំា ពីមន្រ្តីធម្មតា រហូតក្លាយជានាយកប្រតិបត្តិរបស់អង្គការ ជីវិតថ្លៃថ្នូរ (LWD) ដ៏ធំមួយនៅស្រុកខ្មែរ ដែលត្រូវបានធ្វើជាតូបនីយកម្មមកពីអង្គការអន្តរជាតិ Lutheran World Federation (LWF) Cambodia។ ហើយបន្តមកទៀតក្លាយជាអ្នកនយោបាយ និងការចូលរួមបម្រើការងារក្នុងរាជរដ្ឋាភិបាលកម្ពុជា។ មហិច្ឆតាកាន់តែរីកធំ ការទទួលខុសត្រូវកាន់តែកើនឡើង ហើយជាមួយនោះភាពស្រ្តេស សំពាធ ការតានតឹងក្នុងចិត្ត និងសេចក្តីទុក្ខផ្សេងទៀតក៏កើនឡើងមកជាមួយ។
ខ្ញុំបានព្យាយាមរកវិធីទប់ទល់នឹងសេចក្តីទុក្ខ និងស្វែងយល់អំពីវា។ ខ្ញុំបានទៅចូលរួមវគ្គវិបស្សនា១០ថ្ងៃ តាមការបង្រៀនរបស់លោកគ្រូ Goenka ពីរដងនៅខេត្តបាត់ដំបង និងក្រោយមកបានព្យាយាមធ្វើសមាធិជាប្រចំា ប្រមាណ២០ ទៅ៣០នាទី ជាពិសេសនៅពេលព្រឹក ភ្ញាក់ពីដេក។ ខ្ញុំបានព្យាយាមស្តាប់ការពន្យល់អំពីព្រះធម៌ ជីវិត សេចក្តីទុក្ខ និងផ្លូវទៅរកសេចក្តីសុខ ពីប្រភពផ្សេងៗ ដូចជាអតីតព្រះតេជគុណ សាន សុជា លោកគ្រូដ៏ល្បីល្បាញជនជាតិឥណ្ឌា Sadhguru រួមទំាង YouTube Channels ផ្សេងៗមានដូចជា "Buddhism Podcast", "Clarity & Zen"។ ជាមួយនោះដែរ ខ្ញុំក៏ព្យាយាមអានសៀវភៅផ្សេងៗជាច្រើន ហើយសៀវភៅមួយក្បាលដែលជួយឱ្យខ្ញុំបានយល់ស៊ីជម្រៅអំពីសេចក្តីទុក្ខ និងផ្លូវទៅរំដោះទុក្ខ គឺសៀវភៅរបស់លោក Eckhart Tolle "The Power of Now"។
ការប្រតិបត្តិសមាធិ ដើម្បីបង្កើនសតិដឹងនៅជាមួយបច្ចុប្បន្នឱ្យបានច្រើន អាចពិនិត្យមើលចិត្តដែលកំពុងកើតឡើង ចិត្តកំពុងខឹងដឹងថាកំពុងខឹង ចិត្តសប្បាយដឹងថាកំពុងសប្បាយ ចិត្តលោភលន់ចង់បានដឹងថាកំពុងមានលោភៈ រួមទំាងការយល់ដឹងស៊ីជម្រៅអំពីសេចក្តីទុក្ខ បានជួយសម្រាលទុក្ខក្នុងជីវិតបានមួយចំនួន។ ពិតហើយ កិលេសនៅក្នុងចិត្តខ្ញុំនៅមាននៅឡើយ ប៉ុន្តែវាបានថយចុះច្រើន បើប្រៀបនឹងពីមុន ដែលមិនទាន់បានយល់ដឹងអ្វីសោះអំពីធម៌ អំពីទុក្ខ និងផ្លូវទៅរកសេចក្តីសុខសន្តិភាពក្នុងចិត្ត។
ហេតុនេះហើយ ទើបខ្ញុំសម្រេចចិត្តរៀបចំគេហទំព័រនេះឡើង (សន្តិភាពក្នុងចិត្ត innerpeacekh.com) ដើម្បីចូលរួមចងក្រងនិងចែករំលែកចំណេះដឹង គតិបណ្ឌិត បទពិសោធន៍ ដែលខ្ញុំទទួលបាន ដែលខ្ញុំជួបប្រទះអំពីសេចក្តីទុក្ខ និងមាគ៌ាទៅរកសេចក្តីសុខ ជាភាសាខ្មែរ ងាយយល់ ដែលអាចមានប្រយោជន៍សម្រាប់បងប្អូន ដែលចង់ស្វែងយល់អំពីទុក្ខ និងចង់ស្គាល់ផ្លូវទៅរកសេចក្តីសុខ។ ម្យ៉ាងទៀត ការចែករំលែកនឹងជួយជំរុញខ្ញុំខ្លួនឯងឱ្យខំប្រឹងរៀនសូត្រ និងប្រតិបត្តិបន្ថែមទៀត។
សូមជូនពរឱ្យបងប្អូនបានជួបនូវក្តីសុខសន្តិភាពក្នុងចិត្ត។
ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ សាម អ៊ីន

0 Comments